ចំណងតែមួយ
មានពេលមួយខ្ញុំបានបាត់កូនសោរឡាន។ ខ្ញុំក៏បានហៅជាងសោរម្នាក់ឲ្យមកផ្ទះខ្ញុំ។ គាត់ក៏បានមកដល់ ហើយចាប់ផ្តើមបើកសោរទ្វារឡានខ្ញុំ ហើយយើងក៏បានចាប់ផ្តើមជជែកគ្នាលេង។ ពេលនោះ ខ្ញុំក៏បានកត់សម្គាល់ឃើញថា គាត់បាននិយាយភាសាអង់គ្លេស ដោយប្រើតុងដែលរួសរាយ ដែលខ្ញុំធ្លាប់ស្គាល់។ ក្រោយមក ខ្ញុំក៏បានដឹងថា ជាងសោររូបនោះ មានដើមកំណើតនៅប្រទេសចាម៉ៃកា ជាទឹកដីដែលខ្ញុំបានទៅលេងជាញឹកញាប់ ហើយក៏បានចាប់ចិត្តស្រឡាញ់ផង។ ការនេះបានកែប្រែស្ថានភាពអវិជ្ជមាន ទៅជាវិជ្ជមាន។ យើងទាំងពីរមានអារម្មណ៍ថា យើងដូចជាបងប្អូន ក្នុងគ្រួសារតែមួយ ដោយសារយើងសុទ្ធតែស្រឡាញ់ប្រទេសដែនកោះមួយនោះ ដូចគ្នា។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា យើងមានក្តីអំណរដែលកាន់តែអស្ចារ្យជាងនេះទៀត ពេលដែលយើងបានជួបនឹងនរណាម្នាក់ជាលើកទីមួយ ហើយក៏បានដឹងថា គាត់ក៏ជាអ្នកជឿព្រះគ្រីស្ទដូចយើងដែរ។ នៅតំបន់ខ្លះ យើងមានអារម្មណ៍ធម្មតា ដោយសារនៅទីនោះមានអ្នកជឿព្រះច្រើន។ ប៉ុន្តែ ក្នុងទឹកដីដែលមានគ្រីស្ទបរិស័ទតិច យើងមានអារម្មណ៍រំភើបរីករាយជាងនេះ ពេលបានជួបអ្នកដទៃ ដែលស្រឡាញ់ព្រះយេស៊ូវដូចយើងដែរ។ យើងមានចិត្តរំភើប ពេលដឹងថា យើងបានរួចពីបាបដូចគ្នា តាមរយៈព្រះយេស៊ូវគ្រីស្ទ។
សម្រាប់អ្នកដែលជឿព្រះយេស៊ូវ យើងមានចំណងរួមមួយ ដែលជាការរួបរួមគ្នាតែមួយ ក្នុងព្រះគ្រីស្ទ(កាឡាទី ៣:២៨) និងមានក្តីអំណរនៃការប្រកបគ្នា ដែលអាចបំភ្លឺថ្ងៃដែលមានភាពងងឹតបំផុត។ ចូរយើងសរសើរដំកើងព្រះ ដែលបានប្រទាននូវចំណងនៃការរួបរួម ដល់អស់អ្នកដែលទទួលព្រះអង្គជាព្រះសង្រ្គោះ។-Dave Branon
ការស្វែងរកលោកសាខេ
លោកអាលហ្វ៍ ខ្លក(Alf Clark) បានដើរតាមដងវិធីនៅទីក្រុង ដើម្បីស្វែងរកលោកសាខេ។ ត្រង់ចំណុចនេះ គាត់មិនមែនកំពុងស្វែងរកលោកសាខេ នៅក្នុងព្រះគម្ពីរទេ ដ្បិតព្រះយេស៊ូវបានរកលោកសាខេឃើញ តាំងពីយូរណាស់មកហើយ។ តែលោកអាលហ្វ៍ និងមិត្តភ័ក្រមួយចំនួន ដែលបានធ្វើការបម្រើព្រះនៅទីប្រជុំជន បានយកគំរូតាមការអ្វី ដែលព្រះយេស៊ូវបានធ្វើ ក្នុងព្រះគម្ពីរលូកា ជំពូក១៩។ ពួកគេបានធ្វើដំណើរក្នុងទីក្រុង ក្នុងគោលបំណងដើម្បីជួប និងជួយអ្នកដែលកំពុងត្រូវការជំនួយ ដូចលោកសាខេ។
លោកអាលហ្វ៍ បានដើរពីផ្ទះមួយ ទៅផ្ទះមួយទៀត ក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានគោះទ្វារផ្ទះទាំងនោះ ហើយពេលគេបើកទ្វារឲ្យគាត់ គាត់និយាយទៅកាន់គេថា “សួស្តី ខ្ញុំឈ្មោះអាលហ្វ៍។ តើអ្នកមានខ្វះខាតអ្វី ដែលចង់ឲ្យខ្ញុំអធិស្ឋានឲ្យទេ?” នេះជាវិធីសាស្រ្ត ដែលគាត់បានប្រើ ដើម្បីចាប់ផ្តើមការទំនាក់ទំនង ហើយស្វែងរកឱកាសផ្តល់ការប្រឹក្សាយោបល និងនាំឲ្យគេជឿព្រះ ហើយរស់នៅដោយមានក្តីសង្ឃឹម ដែលនេះជាអ្វីដែលព្រះយេស៊ូវបានធ្វើ សម្រាប់លោកសាខេ ដែលជាអ្នកយកពន្ធ។
សូមយើងកត់សំគាល់ការអ្វីដែលព្រះយេស៊ូវបានធ្វើ ដូចតទៅ : ព្រះគម្ពីរលូកាបានចែងថា ព្រះយេស៊ូវ “បានយាងកាត់ទីក្រុងយេរីខូ”(លូកា ១៩:១)។ ជាការពិតណាស់ ពេលដែលព្រះយេស៊ូវយាងទៅដល់ទីក្រុង តាមធម្មតា មនុស្សទាំងហ្វូងបានមកផ្តុំគ្នាទទួលព្រះអង្គ។ ដោយសារលោកសាខេជាមនុស្សទាប គាត់ក៏បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ ខណៈពេលដែលព្រះយេស៊ូវកំពុងយាងកាត់តាមនោះ ព្រះអង្គក៏បានយាងទៅរកដើមឈើដែលគាត់ឡើងនោះ ហើយប្រាប់គាត់ថា ព្រះអង្គសព្វព្រះទ័យនឹងទៅលេងផ្ទះគាត់។ ថ្ងៃនោះ សេចក្តីសង្រ្គោះបានមកដល់ផ្ទះរបស់លោកសាខេ។…
ការសួរសំណួរផ្សេង
ពេលដែលជីវិតយើងជួបសោកនាដកម្ម មានសំណួរជាច្រើនបានចោទឡើង។ ពេលយើងបាត់បង់មនុស្សជាទីស្រឡាញ់ យើងប្រហែលជាទូលសួរព្រះ នូវសំណួរជាច្រើន ដែលមានដូចជា “ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យមានរឿងនេះកើតឡើង?” “តើវាជាកំហុសរបស់អ្នកណា?” “តើព្រះអង្គជ្រាបទេថា ទូលបង្គំឈឺចាប់ប៉ុណ្ណា?” សម្រាប់ខ្លួនខ្ញុំផ្ទាល់ ពេលដែលកូនស្រីរបស់ខ្ញុំស្លាប់យ៉ាងសោកសៅ ខ្ញុំក៏បានសួរសំណួរដូចនេះផងដែរ។
ព្រះគម្ពីរយ៉ូបបានកត់ទុកនូវសំណួរ ដែលលោកយ៉ូបបានសួរ ពេលគាត់កំពុងអង្គុយរៀបរាប់ពីទុក្ខវេទនារបស់គាត់ ដល់មិត្តសំឡាញ់ទាំងឡាយ។ គាត់បានបាត់បង់គ្រួសារ និងទ្រព្យសម្បត្តិអស់ ហើយថែមទាំងធ្លាក់ខ្លួនមានជម្ងឺទៀត។ បានជាគាត់សួរថា “ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្តីជូរចត់ក្នុងចិត្តដូច្នេះ”(៣:២០)។ ក្រោយមក គាត់ក៏បានសួរទៀតថា “តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់”(៦:១១)។ “ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ?”(១០:៣)។ ក្នុងលោកិយនេះ មានមនុស្សជាច្រើន បានឈរនៅទីបញ្ចុះសពរបស់អ្នកដែលឆាប់លាចាកលោក ហើយពួកគេក៏បានសួរសំណួរ ស្រដៀងនឹងសំណួរលោកយ៉ូបផងដែរ។
ប៉ុន្តែ ពេលដែលអ្នកបានអានកណ្ឌគម្ពីរយ៉ូប រហូតដល់ចុងបញ្ចប់ អ្នកនឹងមានការភ្ញាក់ផ្អើល។ ពេលដែលព្រះអម្ចាស់ឆ្លើយតប ចំពោះលោកយ៉ូប(ជំពូក ៣៨-៤១) គឺព្រះអង្គបានឆ្លើយតប តាមរបៀបដែលគេមិននឹកស្មានដល់។ ព្រះអង្គក៏បានកែប្រែស្ថានការណ៍ ហើយសួរលោកយ៉ូបវិញ ដោយសំណួរផ្សេង ដែលបង្ហាញពីប្រាជ្ញា និងអំណាចគ្រប់គ្រងរបស់ព្រះអង្គ។ គឺសំណួរអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ដែលមានដូចជា ផែនដី ផ្កាយ និងសមុទ្រជាដើម។ ហើយសំណួរទាំងនោះ សុទ្ធតែនាំឲ្យគេគិត នឹងស្ងែងខ្លាចដល់ព្រះដែលមានអំណាចគ្រប់គ្រង មានគ្រប់ចេស្តា…
តើព្រះយេស៊ូវជានរណា?
ថ្ងៃមួយ អ្នកស្រីខេលី ស្តេនហូស(Kelly Steinhaus) បានទៅទីលានហាវើត ដើម្បីសួរនិស្សិតមហាវិទ្យាល័យ អំពីទស្សនៈដែលពួកគេមានចំពោះព្រះយេស៊ូវ។ ពេលនោះ គាត់បានទទួលនូវចម្លើយខុសៗគ្នាជាច្រើន។ មាននិស្សិតម្នាក់បានឆ្លើយថា ព្រះអង្គជា “មនុស្សដែលមើលថែរប្រជាជន”។ និស្សិតម្នាក់ទៀតថា “ទ្រង់ជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍”។ មាននិស្សិតផ្សេងទៀតឆ្លើយបដិសេធព្រះអង្គធ្ងន់ៗថា “គាត់គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ ខ្ញុំមិនជឿថា គាត់ជាព្រះសង្រ្គោះទេ។ ហើយខ្ញុំមិនចូលចិត្តសាសនាណា ដែលអះអាងថា ព្រះរបស់ខ្លួនជាព្រះពិតដែលមានតែមួយនោះទេ“។ អ្នកខ្លះបានសួរថា ព្រះយេស៊ូវជានរណា ដោយការគិតពិចារណា ហើយអ្នកខ្លះទៀតបានបដិសេធព្រះអង្គ ទាំងមិនបានត្រិះរិះទាល់តែសោះ។
កាលពីជាង២ពាន់ឆ្នាំមុន ពេលដែលព្រះយេស៊ូវកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ មានមនុស្សជាច្រើនបានសើចចំអកឲ្យព្រះអង្គ ដោយមិនបានគិតថា ព្រះអង្គជាអង្គបុគ្គលដែលពិសេសនោះឡើយ។ គេបានបិទប្រកាសកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា “នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា”(ម៉ាថាយ ២៧:៣៧)។ ហើយក៏មានមនុស្សជាច្រើនមិនជឿថា ព្រះអង្គ មានអំណាចចេស្តាឡើយ បានជាពួកគេស្រែកដាក់ព្រះអង្គថា “ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក”(ខ.៤០)។ រីឯពួកអ្នកដឹកនាំសាសនាវិញ ពួកគេថែមទាំងបានចំអកឲ្យព្រះអង្គថា “វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ”(ខ.៤២)។
ពេលព្រះយេស៊ូវសុគត ព្រះអង្គហាក់ដូចជាគ្មានអំណាចចេស្តាសោះ។ ប៉ុន្តែ បើយើងអានរឿងនេះពីដើមដល់ចប់ យើងឃើញថា ព្រះអង្គបានលះបង់ព្រះជន្ម ដោយស្ម័គ្រព្រះទ័យទេ។ ព្រះអង្គបានបង្ហាញថា ព្រះអង្គជាព្រះរាជបុត្រានៃព្រះ ហើយមានអំណាចចេស្តាដែលគ្មានដែនកំណត់…
ធ្វើឲ្យមានភាពទាក់ទាញ
មានរឿងមួយបានដំណាលថា តាំងពីយូរមកហើយ មានក្មេងប្រុសម្នាក់បានឡើងជិះរថភ្លើង ក្នុងបំណងរកកំរៃ ពីការលក់ផ្លែប៉ោម។ វាក៏បានដើរកាត់តាមទូរថភ្លើង ដោយអំពាវនាវថា “ផ្លែប៉ោម អើយ ផ្លែប៉ោម មាននរណាចង់ទិញផ្លែប៉ោមទេ?” វាដើររហូតដល់កន្ទុយរថភ្លើងហើយ នៅតែលក់មិនបានផ្លែប៉ោមមួយសោះ។
មានសុភាពបុរសម្នាក់បានកត់សំគាល់ អំពីការលំបាករបស់វា ក៏បានហៅវាឲ្យមកក្បែរគាត់ ហើយសុំមើលផ្លែប៉ោមមួយផ្លែ។ គាត់ក៏បានយកផ្លែប៉ោមនោះ ដើរទៅក្បាលរថភ្លើង ដោយយកកូនកន្សែងជូតផ្លែប៉ោមនោះ ឲ្យភ្លឺរលោង រួចក៏ដើរកាត់តាមទូរថភ្លើងបណ្តើរ ញាំផ្លែប៉ោមនោះបណ្តើរ ព្រមទាំងលាន់មាត់ថា ផ្លែប៉ោមនោះនៅស្រស់ ហើយឆ្ងាញ់ណាស់។ បន្ទាប់មក គាត់ក៏បានប្រាប់ក្មេងប្រុសនោះ ឲ្យសាកដើរលក់ម្តងទៀត។ ពេលនេះ វាក៏បានលក់ផ្លែប៉ោមអស់ពីក្នុងស្បោង។ តើលោកអ្នកឃើញមានអ្វីប្លែកទេ? បុរសម្នាក់នោះបានធ្វើឲ្យផ្លែប៉ោមមានភាពទាក់ទាញយ៉ាងខ្លាំង ដល់អ្នកទិញដ៏មានសក្តានុពលទាំងឡាយ។
រឿងនេះបានរំឭកយើង អំពីវីធីដែលយើងអាចនាំអ្នកដទៃ ឲ្យចាប់អារម្មណ៍ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺធ្វើឲ្យដំណឹងល្អមានភាពទាក់ទាញចំពោះពួកគេ ដោយបង្ហាញពួកគេអំពីការផ្លាស់ប្រែ ដែលដំណឹងល្អបានធ្វើឲ្យមាន ក្នុងជីវិតយើង។ យើងអាចធ្វើឲ្យគេមានការទាក់ទាញបំផុត ពេលដែលយើងអនុវត្តតាមការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ កូល៉ុស ៤:៥ ដែលបានចែងថា “ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង”។ បើយើងបង្ហាញចេញនូវចិត្តសប្បុរស សេចក្តីស្រឡាញ់ និងក្តីអាណិត ដល់អ្នកដទៃ នោះអ្នកដែលសង្កេតមើលយើងនឹងឆ្ងល់ថា ហេតុអ្វីបានជាយើងមានចរិយាសម្បត្តិល្អដូចនេះ ហើយពេលនោះ យើងនឹងមានឱកាស ប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះអង្គមានចំពោះពួកគេ។-Dave Branon
ក្មេងៗក្នុងលោកិយ
បន្ទាប់ពីសិស្សវិទ្យាល័យមួយក្រុម បានទៅសួរសុខទុក្ខមណ្ឌលកុមារកំពា្រមួយកន្លែង ក្នុងអំឡុងពេលនៃដំណើរបេសកកម្មហើយ គេឃើញសិស្សម្នាក់មានទឹកមុខក្រៀមក្រំ។ ពេលគេសួរគាត់ពីមូលហេតុដែលគាត់មិនសប្បាយចិត្ត គាត់ក៏បានប្រាប់គេថា មណ្ឌលកុមារកំព្រានោះ បានធ្វើឲ្យគាត់នឹកចាំ អំពីស្ថានភាពនៃជីវិតរបស់គាត់ កាលពី១០ឆ្នាំមុន។
គាត់ធ្លាប់រស់នៅ ក្នុងមណ្ឌលកុមារកំព្រា នៅប្រទេសផ្សេង។ គាត់នឹកចំាថា កាលនោះ មានមនុស្សមកសួរសុខទុកគាត់ និងមិត្តភ័ក្រគាត់ ដូចសិស្សវិទ្យាល័យមួយក្រុមនេះដែរ ហើយបន្ទាប់មក ក៏ទៅវិញអស់។ យូរៗម្តង មានមនុស្សម្នាក់បានត្រឡប់មកវិញ ហើយក៏យកក្មេងណាម្នាក់ ទៅចិញ្ចឹម។ ពេលគាត់មិនឃើញមាននរណាម្នាក់ មកយកគាត់ទៅចិញ្ចឹម ដូចក្មេងដទៃទៀតក្នុងមណ្ឌល គាត់ក៏សួរខ្លួនឯងថា តើខ្ញុំមានចំណុចណាមិនល្អ? ហេតុនេះហើយបានជាគាត់នឹកឃើញរឿងដ៏កំសត់នោះ ពេលដែលសិស្សវិទ្យាល័យមួយក្រុមនោះ បានទៅសួរសុខទុក្ខមណ្ឌលកុមារកំព្រានោះ ហើយក៏ត្រឡប់ទៅវិញអស់។ ដូចនេះ ពួកគេក៏បានអធិស្ឋានឲ្យគាត់ ហើយអរព្រះគុណព្រះអង្គ ដែលបានឲ្យស្ត្រីម្នាក់(ដែលជាម្តាយចិញ្ចឹមរបស់គាត់) បានមកយកគាត់ទៅចិញ្ចឹម ដូចកូនបង្កើត។ ការបង្ហាញចេញនូវក្តីស្រឡាញ់យ៉ាងដូចនេះ បាននាំឲ្យក្មេងប្រុសម្នាក់មានក្តីសង្ឃឹមក្នុងជីវិត។
មានកុមារនៅគ្រប់ទិសទីក្នុងពិភពលោកនេះ ដែលចាំបាច់ត្រូវស្គាល់សេចក្តីស្រឡាញ់ ដែលព្រះមានចំពោះពួកគេ (ម៉ាថាយ ១៨:៤-៥ ម៉ាកុស ១០:១៣-១៦ យ៉ាកុប ១:២៧)។ ជាការពិតណាស់ យើងរាល់គ្នាមិនសុទ្ធតែអាចទៅសួរសុខទុក្ខ ឬយកក្មេងទាំងនោះទៅចិញ្ចឹមឡើយ ហើយគេក៏មិនបានរំពឹងឲ្យយើងធ្វើដូចនេះ ឲ្យបានគ្រប់គ្នាដែរ។ ប៉ុន្តែ យើងរាល់គ្នាសុទ្ធតែអាចធ្វើនូវកិច្ចការមួយដូចគ្នា គឺឧបត្ថម្ភ លើកទឹកចិត្ត បង្រៀន ហើយអធិស្ឋានឲ្យពួកគេ។…
ការដើរដោយប្រុងប្រយ័ត្ន
ខេត្តអូឆូ រីអូស ស្ថិតក្នុងចំណោមកន្លែងដែលខ្ញុំចូលចិត្តទៅលេងបំផុត ក្នុងប្រទេសចាម៉ៃកា។ ក្នុងខេត្តនោះ មានល្បាក់ទឹកទន្លេដាន់ ស៍ រីវើ ហ្វ៊ល ដែលមានទេសភាពដ៏គួរឲ្យពិចពិលរមិលមើលណាស់ បានជាខ្ញុំនៅតែស្ងើចសរសើរជានិច្ច។ មានទឹកធ្លាក់ចុះតាមថ្មដាធំៗ ជាច្រើនដំណាក់ ឆ្ពោះទៅរកសមុទ្រខារីប៊ីន។ អ្នកធ្វើដំណើរផ្សងព្រេង អាចឡើងតាមទឹកធ្លាក់នោះ ដោយជាន់ថ្មដារមូលៗ ទាំងប្រវេសប្រវាស តាមផ្លូវទៅដល់កំពូលនៃល្បាក់ទឹក។ ទឹកដែលហូរចុះមក និងផ្ទៃថ្មដែលរអិលខ្លាំង ព្រមទាំងចំណោទរបស់ល្បាក់ទឹកនេះ ធ្វើឲ្យការឡើងទៅលើ មានដំណើរយឺតៗ ហើយគ្រោះថ្នាក់។
ដើម្បីឡើងទៅដល់កំពូល ដោយសុវត្ថិភាព អ្នកឡើងទឹកជ្រោះនោះ ត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ជំហាន។ បើពួកគេមិនបានប្រយ័ត្នទេ ពួកគេអាចធ្លាក់ចុះមកក្រោម។ គន្លឹះនៃការឡើងល្បាក់ទឹកនោះ គឺការផ្តោតអារម្មណ៍ និងការប្រុងប្រយ័ត្ន។
ទិដ្ឋភាពនៃការឡើងទឹកជ្រោះនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ៥:១៥ ដែលបានប្រាប់យើងឲ្យ “ប្រយ័ត្នដោយមធ្យ័ត”។ យើងត្រូវតែ “មានការប្រុងប្រយ័ត្នខ្ពស់ … នៅក្នុងការរស់នៅ”។ ជាការពិតណាស់ យើងអាចជួបគ្រោះថ្នាក នៅតាមផ្លូវនៃជីវិតរបស់យើង ខណៈពេលដែលយើងកំពុងធ្វើដំណើរឡើងលើ។ យើងចាំបាច់ត្រូវបោះជំហាននីមួយៗ ជាមួយព្រះយេស៊ូវ ដោយប្រាជ្ញាឈ្លាសវៃ និងដោយប្រុងប្រយ័ត្ន។ បទគម្ពីរនេះ បានចែងថា មនុស្សល្ងង់រស់នៅ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈពេលដែលមនុស្សមានប្រាជ្ញា ដើរដោយការប្រុងប្រយ័ត្នគ្រប់ជំហាន ដើម្បីកុំឲ្យខ្លួនរអិលដួល។…
ការជជែកអំពីព្រះយេស៊ូវ
លោកតូនី ក្រាហ្វានីណូ(Tony Graffanino) ជាអតីតកីឡាករ នៃសហព័ន្ធកីឡាបាល់បេសប៊ល មេជ័រ លីក។ គាត់បានរៀបរាប់អំពីកិច្ចប្រឹងប្រែងធ្វើការបម្រើព្រះ ក្នុងប្រទេសមួយ នៅទ្វីបអឺរ៉ុប។ ជារៀងរាល់ឆ្នាំ សហព័ន្ធរបស់គាត់ មានការបោះជំរំកីឡាបេសប៊ល រយៈពេល១សប្តាហ៍។ ក្នុងអំឡុងពេលមួយសប្តាហ៍នោះ គេក៏បានផ្តល់ឲ្យនូវការសិក្សាព្រះគម្ពីរប្រចាំថ្ងៃផងដែរ។ ជាច្រើនឆ្នាំកន្លងទៅ អ្នកដឹកនាំនៅទីនោះ បានព្យាយាមរិះរកវិធីដ៏សមរម្យ ដើម្បីនាំឲ្យអ្នកមកបោះជំរំជឿថា ព្រះពិតជាមានមែន ដើម្បីឲ្យពួកគេទទួលជឿព្រះអង្គ។ រយៈពេល១៣ឆ្នាំក្រោយមក ពួកគេឃើញមានមនុស្ស៣នាក់ប៉ុណ្ណោះ ដែលបានសម្រេចចិត្តដើរតាមព្រះយេស៊ូវ។
បន្ទាប់មក ពួកគេក៏បានផ្លាស់ប្តូរវិធីសាស្រ្ត។ គាត់ថា ពួកគេឈប់ “ព្យាយាមលើកឡើងអំពីការពិត ឬព្យាយាមនិយាយឲ្យឈ្នះ ក្នុងការពិភាក្សាតទល់”ទៀតហើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែនិយាយអំពី “ដំណើរជីវិត និងការបង្រៀនដ៏អស្ចារ្យរបស់ព្រះយេស៊ូវ”ប៉ុណ្ណោះ។ ជាលទ្ធផល មានអ្នកមកបោះជំរំកាន់តែច្រើន មកស្តាប់ពួកគេផ្សាយព្រះបន្ទូល ហើយមានមនុស្សកាន់តែច្រើនបានសម្រេចចិត្តដើរតាមព្រះអង្គ។
សាវ័កប៉ុលបានមានប្រសាសន៍ថា ពេលដែលយើងប្រាប់អ្នកដទៃ អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ យើងគួរតែ “សម្តែងសេចក្តីពិតយើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ”(២កូរិនថូស ៤:២,៥)។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង”(១កូរិនថូស ២:២)។ ប្រសាសន៍របស់សាវ័កប៉ុល ត្រង់ចំណុចនេះ គឺជាខ្នាតគំរូសម្រាប់ការផ្សាយដំណឹងល្អ ដែលយើងត្រូវយកជាគោល។
យើងគួរតែមានចំណេះដឹងផ្នែកព្រះគម្ពីរ…
នៅតែធ្វើការបម្រើ
អ្នកស្រីវីវៀន(Vivian) និងលោកដន(Don) កំពុងស្ថិតក្នុងវ័យ៩០ឆ្នាំ ហើយបានរៀបការជាង៧០ឆ្នាំហើយ។ ថ្មីៗនេះ សុខភាពរបស់អ្នកស្រីវីវៀនមានការអន់ថយយ៉ាងខ្លាំង បន្ទាប់ពីគាត់ជួបគ្រោះថ្នាក់បាក់ឆ្អឹងត្រគាក។ ការនេះបានធ្វើឲ្យអ្នកទាំងពីរមានការពិបាកកាន់តែខ្លាំង ព្រោះអស់រយៈពេលបួនប្រាំឆ្នាំមកហើយ ដែលអ្នកទាំងពីរមានការមិនសប្បាយចិត្ត ដោយសារមិនមានភាពរឹងមាំ ល្មមនឹងអាចមានភាពសកម្មក្នុងការរស់នៅ និងធ្វើការក្នុងពួកជំនុំរបស់ខ្លួន ដូចមុន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីវីវៀន និងលោកដន នៅតែខិតខំធ្វើការបម្រើព្រះអម្ចាស់ដដែល ដោយពួកគេនៅតែបន្តខិតខំអធិស្ឋាន។ ពួកគេមិនអាចមានវត្តមាន ឲ្យបានទៀងទាត់ក្នុងពួកជំនុំ ដូចមុនទេ តែពួកគេនៅតែមានភាពស្មោះត្រង់ “ក្នុងការបម្រើនៅពីក្រោយឆាក” ថ្វាយព្រះអង្គ។
រឿងប្រៀបប្រដូចអំពីប្រាក់របស់ចៅហ្វាយ ក្នុងបទគម្ពីរម៉ាថាយ ជំពូក២៥ បានរំឭកយើងថា យើងត្រូវតែប្រើ “អំណោយទាន” ដែលព្រះបានប្រទាន ដោយភាពឆ្លាតវ័យ។ យើងម្នាក់ៗសុទ្ធតែមានជំនាញ និងសមត្ថភាពដែលព្រះប្រទាន ក្នុងកំរិតផ្សេងគ្នា ហើយយើងមិនត្រូវយកទៅកប់ ឬទុកចោលមិនព្រមយកទៅប្រើនោះឡើយ។
ព្រះអម្ចាស់នឹងប្រើយើង ទាំងនៅក្នុងពេលដែលយើងនៅមានកម្លាំង ក៏ដូចជានៅពេលដែលយើងមានវ័យចំណាស់ មានជម្ងឺ និងមានភាពទន់ខ្សោយផងដែរ។ អ្នកស្រីវីវៀន និងលោកដន បានបន្តបម្រើព្រះ ដោយការអធិស្ឋាន។ ទន្ទឹមនឹងនោះ យើងក៏អាចថ្វាយសិរីល្អដល់ព្រះសង្រ្គោះនៃយើង ដោយប្រើជំនាញរបស់យើង “តាមសមត្ថភាពយើងរៀងៗខ្លួន”(ខ.១៥) ដើម្បីបម្រើព្រះអង្គ ដែលសក្តិសមនឹងឲ្យយើងបម្រើ។-Dave Branon
ព្រះអង្គពិតជាអស្ចារ្យណាស់!
ថ្ងៃមួយ ខេធី(Katie) ចៅស្រីរបស់ខ្ញុំ ដែលមានអាយុ៣ឆ្នាំ បានធ្វើឲ្យឪពុកម្តាយរបស់នាងមានការភ្ញាក់ផ្អើល ដោយសារពាក្យសម្តី ដែលមានលក្ខណៈទេវសាស្រ្តបន្តិចបន្តួច។ នាងបានប្រាប់ពួកគាត់ថា “ម៉ាក់និងប៉ាមានប្អូនស្រី ពួកគាត់បានស្លាប់ហើយ។ ហើយព្រះអង្គក៏បាននាំពួកគាត់ ទៅស្ថានសួគ៌ ទៅនៅជាមួយព្រះអង្គ។ ព្រះអង្គពិតជាអស្ចារ្យណាស់!”
អំណាចចេស្តាដ៏អស្ចារ្យរបស់ព្រះ ជាអាថ៌កំបាំង តែមានលក្ខណៈសាមញ្ញល្មមនឹងឲ្យក្មេងតូចម្នាក់យល់បាន។ ក្នុងគំនិតដ៏ក្មេងខ្ចីរបស់ខេធី នាងអាចដឹងថា ព្រះអង្គប្រាកដជាមានអំណាចចេស្តា ព្រោះព្រះអង្គអាចធ្វើនូវការអស្ចារ្យយ៉ាងនោះបាន។ នាងមិនបានយល់អំពីអំណាចចេស្តារបស់ព្រះបានទាំងស្រុងទេ តែនាងបានដឹងថា ព្រះបានធ្វើការដ៏អស្ចារ្យ ដោយនាំម្តាយមីងទាំងពីរនាក់របស់នាង ទៅនៅនគរស្ថានសួគ៌។
តើមានពេលប៉ុន្មានដងហើយ ដែលយើងអង្គុយចុះ ក្នុងពិភពលោកសព្វថ្ងៃ ដែលកាន់តែមានភាពជឿលឿន ហើយមានចិត្តស្ងើចសរសើរព្រះថា “ព្រះអង្គពិតជាអស្ចារ្យណាស់”។ យើងប្រហែលជាមិនបានធ្វើដូចនេះ ញឹកញាប់ទេ។ យើងដឹងថា ព្រះបង្កើតពិភពលោកមក ដោយប្រើព្រះបន្ទូលព្រះអង្គ តែមិនដឹងថា ព្រះអង្គប្រើព្រះបន្ទូលដោយរបៀបណាទេ(យ៉ូប ៣៨-៣៩ ទំនុកដំកើង ៣៣:៩ ហេព្រើ ១១:៣) ហើយយើងក៏មិនអាចដឹងពីរបៀបដែលព្រះអង្គបានគ្រប់គ្រងពិភពលោកដែរ(នេហេមា ៩:៦)។ យើងមិនអាចដឹងពីរបៀបដែលព្រះអង្គបានរៀបផែនការ និងសម្រេចសេចក្តីទំនាយ អំពីការដែលព្រះយេស៊ូវ យាងមកចាប់កំណើតជាមនុស្សឡើយ ហើយយើងក៏មិនអាចយល់ អំពីរបៀបដែលព្រះអង្គអាចធ្វើឲ្យការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ មានភាពគ្រប់គ្រាន់សម្រាប់សង្រ្គោះយើងដែរ។ តែយើងអាចដឹងថា ការទាំងអស់នេះជាការពិតមែន។
អំណាចចេស្តារបស់ព្រះ មានភាពអស្ចារ្យមិនអាចវាស់ស្ទង់បាន តែមានភាពច្បាស់លាស់ល្មមនឹងឲ្យយើងយល់បាន។ នេះក៏ជាមូលហេតុ ដែលយើងត្រូវសរសើរដំកើងព្រះអង្គផងដែរ។-Dave…